ក្រុមហ៊ុន Motorola នឹងបើកព្រឹត្តិការណ៍ពិសេសមួយ ដែលធ្វើឡើងនៅថ្ងៃទី 23
ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ នៅឯទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Motorola
នឹងធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ខ្លួនចំនួន 3 ម៉ូឌែល
ដែលអាចនឹងមានឈ្មោះថា Moto G8, G8 Stylus និង G8 Power
ហើយទូរសព្ទឆ្លាតថ្មីទាំង 3 ម៉ូឌែលនេះដែរ ត្រូវបានគេជឿថា
ពួកវានឹងស្ថិតនៅក្នុងត្រកូល G-Series របស់ក្រុមហ៊ុន Motorola។
ដោយឡែកនៅក្នុងថ្ងៃនេះដែរ យើងក៏ប្រទះឃើញរូបភាពគម្រូរបស់ពួកវាវិញម្តង
ហើយរូបគម្រូទាំងអស់នេះត្រូវបាន បង្ហោះនៅលើគណនី Twitter
ផ្លូវការរបស់កំពូលអ្នកចែកចាយរូបភាពបែកធ្លាយដ៏ល្បី Evan Blass។
តាមរយៈរូបភាពគម្រូទាំងអស់នេះ ឃើញថាយើងមានការពិបាក
ក្នុងការបែកចែកពីភាពខុសគ្នា របស់ទូរសព្ទឆ្លាតទាំង 3 នេះណាស់
ព្រោះថាវាមានលក្ខណៈដូចគ្នាច្រើនមែនទែន។ ប៉ុន្តែ បើសង្កេតមើលឲ្យច្បាស់
យើងឃើញថាទូរសព្ទឆ្លាតម៉ូឌែល Moto G8 និង Moto G8 Stylus
បានបំពាក់មកជាមួយកាមេរ៉ាសរុបចំនួន 3 គ្រាប់តែប៉ុណ្ណោះ ខណៈដែល Moto G8 Power
ភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបរហូតដល់ទៅ 4 គ្រាប់។
តាមរយៈរូបភាពគម្រូដដែលខាងលើនេះ ក៏បានបង្ហាញឲ្យយើងដឹងថា
ទូរសព្ទឆ្លាតថ្មីទាំង 3 ម៉ូឌែលរបស់ Motorola នឹងបំពាក់មកជាមួយអេក្រង់លាត
អមមកជាមួយលេនទម្លុះអេក្រង់មួយគ្រាប់ ស្ថិតនៅផ្នែកខាងឆ្វេង។
ផ្អែកទៅតាមដំណឹងទទួលបាន កាលពីពេលកន្លង បាននិយាយថា Moto G8
នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.39 អ៊ីញ មានកម្រិតបង្ហាញ HD+ ចំណែកឯ Moto G8
Power នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.36 អ៊ីញ មានកម្រិតបង្ហាញ Full HD+។
ចំពោះកម្លាំងម៉ាស៊ីន Moto G8 ប្រើប្រាស់បន្ទះឈីប Snapdragon 665
គួបផ្សំជាមួយជម្រើស RAM ទំហំ 2/3/4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ
32/64GB ចំណែកឯ Moto G8 Power ប្រើប្រាស់បន្ទះឈីប Snapdragon 665
គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64GB។
ផ្នែកកាមេរ៉ាវិញ Moto G8 នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ
8MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 16MP,
មួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide) ទំហំ 8MP និងមួយគ្រាប់ចុងក្រោយគេជាលេន
Macro ទំហំ 2MP ចំណែកឯ Moto G8 Power នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1
គ្រាប់ ទំហំ 25MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់
ដោយមួយគ្រាប់គឺជាលេនដើមទំហំ 16MP មាន, មួយគ្រាប់ជាលេនទូលាយ (Ultra Wide)
ទំហំ 8MP, មួយគ្រាប់ជាលេន Macro ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគេ មានទំហំ
8MP។ Moto G8 នឹងភ្ជាប់មកជាមួយថ្មទំហំ 4,000 mAh អាចគាំទ្រការសាកថ្មកម្លាំង
10W ចំណែកឯ Moto G8 Power នឹងភ្ជាប់មកជាមួយថ្មទំហំ 5,000 mAh
អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W។
ងាកទៅមើលលក្ខណៈសម្បត្តិរបស់ Moto G Stylus វិញ ត្រូវបានគេពឹងថា
វានឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.36 អ៊ីញ មានកម្រិតបង្ហាញ Full HD+
និងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់គឺលេនដើមទំហំ
48MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 16MP និងមួយគ្រាប់ចុងក្រោយគេ
គឺជាលេន Macro ទំហំ 2MP។ បន្ថែមពីនេះ Moto G Stylus
ក៏អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 4,000 mAh ផងដែរ។
0 Comments