តាំងពីកើតដំបូង ក្មេងគឺដូចជាក្រដាសសមួយផ្ទាំង បើឃើញអ្វីជាគំរូ គេនឹងធ្វើតាម។ ជាពិសេសទង្វើរបស់ឪពុកម្ដាយគឺជាកត្តាសំខាន់បំផុត បើធ្វើបានល្អ កូននឹងរៀនតាម ហើយបើធ្វើអាក្រក់ កូនក៏រៀនតាមដូចគ្នា។ ដូច្នេះអ្នកជាម្ដាយឪពុកគួរគិតថា អ្វីដែលខ្លួនធ្វើរាល់ថ្ងៃសម្រាប់កូនៗឃើញជាអ្វីដែលពួកគេគួរមើលដែរឬអត់ ហើយបើធ្វើមិនល្អឱ្យកូនឃើញហើយ ថ្ងៃក្រោយកុំខឹងថាកូនចរិតមិនល្អ។
១- ប្ដីប្រពន្ធមិនដែលប្រើពាក្យពីរោះដាក់គ្នា
ពាក្យសម្ដីនិងកាយវិការជាមេរៀនដែលកូនៗរៀនដំបូងគេពីឪពុកម្ដាយ
បើគេធំចេះស្ដាប់ ចេះនិយាយ
ឮតែឪពុកម្ដាយប្រើពាក្យគំរោះគំរើយដាក់គ្នា គេនឹងចងចាំ
ហើយរៀនថាតាមនៅពេលក្រោយ។ ដល់ពេលនោះ
បើឪពុកម្ដាយមិនបានយកចិត្តទុកដាក់ បែរជាគិតថា
កូននៅក្មេងមិនទាន់ប្រដៅ ថ្ងៃក្រោយច្បាស់ជាពុតលែងបានមិនខាន។
២- ឪពុកម្ដាយដែលមិនដឹងគុណឪពុកម្ដាយខ្លួនឯង
អ្នកខ្លះឆ្ងល់ថាហេតុអីកូនកើតមកមានចរិតរឹងរូស
ប្រើពាក្យសម្ដីជាមួយខ្លួនជាប៉ាម៉ាក់មិនពីរោះពិសាសោះ
ទោះបីប្ដីប្រពន្ធខ្លួននិយាយគ្នាផ្អែមល្ហែមឱ្យកូនស្ដាប់ក៏ដោយ។
ប៉ុន្តែអ្នកប្រហែលភ្លេចចាប់អារម្មណ៍ថា
អ្នកបានធ្វើចរិតរឹងរូសដាក់ឪពុកម្ដាយខ្លួនដែលត្រូវជាតាយាយរបស់កូនៗអ្នកដូចគ្នា
ដូចជាការនិយាយទ្រគោះបោះបោកដាក់លោក
ឬមិនបានបម្រើទឹកក្ដៅត្រជាក់ដាក់លោកជាដើម។
នៅពេលកូនៗអ្នកឃើញទង្វើទាំងនេះ គេនឹងធ្វើដាក់អ្នកដូចគ្នា
ព្រោះគេយល់ថានេះជាវប្បធម៌ដែលគ្រួសារនេះតែងតែធ្វើ។
៣- ឪពុកម្ដាយដែលគ្មានពេលវេលាសម្រាប់កូនៗ
ភាពកក់ក្ដៅពីឪពុកម្ដាយជាអ្វីដែលកូនត្រូវការបំផុត
ប៉ុន្តែបើពួកគេមានឪពុកម្ដាយដែលចំណាយពេលវេលាច្រើនទៅលើរឿងផ្ទាល់ខ្លួន
ឬការរកស៊ីជ្រុលពេក
ពួកគេនឹងមិនបានទទួលក្ដីសុខពីគ្រួសារមួយនេះឡើយ។ ជំនួសមកវិញ
ពួកគេនឹងទៅរកមិត្តភ័ក្ដិខាងក្រៅច្រើន
ដែលអាចចំណាយពេលជាមួយគេច្រើនជាងប៉ាម៉ាក់
និងនាំគេទៅកន្លែងសប្បាយៗជាដើម។ ជាលទ្ធផល
កូនៗរបស់អ្នកអាចសេពគប់មិត្តមិនល្អ
ឬហ៊ានធ្វើរឿងមិនសមរម្យផ្សេងៗ។
៤- ឪពុកម្ដាយដែលអាត្មានិយម
ភាគច្រើននៃកូនៗដែលមានឪពុកឬម្ដាយដែលមិននឹកនា
ខ្វល់ខ្វាយពីគ្រួសារតែងមានអារម្មណ៍មិនល្អចំពោះអ្នកនោះ។ឧទាហរណ៍
បើឪពុកម្ង៉ៃគិតតែដើរលេង ផឹកស្រា ឬមិនខ្វល់ពីគ្រួសារ
គាត់នឹងមិនទទួលបានការគោរព និងស្រលាញ់ពីកូនៗឡើយ។ ដល់ពេលនោះ
កុំបន្ទោសថាកូនមិនដឹងគុណ ឬឈ្លើយជាមួយឪពុកម្ដាយ។
បើអ្នកកំពុងធ្វើរឿងណាមួយក្នុងចំណោមរឿងខាងលើ
គួរតែបញ្ឈប់ជាបន្ទាន់
ហើយងាកមកធ្វើរឿងគំរូសម្រាប់កូនៗវិញដើម្បីក្ដីសុខក្នុងគ្រួសារទាំងមូល៕
0 Comments