អារម្មណ៍របស់មនុស្សពិតជាពិបាកយល់ខ្លាំងណាស់
ទោះជាដឹងថាគេធ្លាប់ជាមនុស្សអតីតរបស់មិត្តស្និទ្ធស្នាលខ្លួន
ប៉ុន្តែចិត្តចេះតែមិនស្ដាប់បញ្ជា
និងចង់សាកល្បងស្រឡាញ់គ្នាជាមួយគេ។ ប្រសិនអ្នកកំពុងតែធុញថប់
មិនដាច់ស្រឡះ មិនដឹងថាគួរជ្រើសរើសផ្លូវមួយណា
ខាងក្រោមនេះជាហេតុផល ៦ យ៉ាង
ដែលអាចបញ្ចុះបញ្ចូលអ្នកឲ្យបដិសេធចំពោះជម្រើសមួយនេះយ៉ាងដាច់ខាត៖
១.វិប្បដិសារី
សាកស្រមៃមើលថា ពេលមិត្តភ័ក្ដិឃើញ អ្នក
និងសង្សារចាស់របស់គេក្លាយជាគូស្នេហ៍
តើនាងនឹងមានអារម្មណ៍បែបណា? ត្បិតតែនាងមិននិយាយអ្វីទាំងអស់
ត្រឹមក្រសែភ្នែក ការបញ្ចេញទឹកមុខរបស់នាង
ក៏អាចធ្វើឲ្យអ្នកមានវិប្បដិសារី
និងមានអារម្មណ៍ថាខុសឆ្គងខ្លាំងដែរ។
២.មិត្តភាពត្រូវបានបំផ្លាញ
ប្រសិនអ្នកចង់រក្សាមិត្តភាពឲ្យបានយូរអង្វែង
សូមកុំជ្រើសរើសផ្លូវនេះឲ្យសោះ។ មនុស្សប្រុសល្អមានច្រើនណាស់
ហេតុអ្វីត្រូវបំផ្លាញមិត្តភាពដែលខំសាងរយៈពេលរាប់ឆ្នាំ
ដោយសារតែមនុស្សប្រុសទៅវិញ។
ម៉្យាងទៀតមិត្តល្អពិតជាមិនងាយស្រួលរកឡើយ
អ្នកត្រូវចេះរក្សាវាឲ្យបានល្អ។
៣.ខូចកិត្តិយស
គុណតម្លៃ ព្រមទាំងកេរ្តិ៍ឈ្មោះ កិត្តិយស
របស់អ្នកនឹងត្រូវអាប់ឱននៅក្នុងភ្នែកអ្នកដទៃ។
ប្រសិនបើអ្នកជាមនុស្សមិនសូវចេះខ្វល់ វាមិនមែនជាបញ្ហាទេ។
ប៉ុន្តែតើអ្នករំពឹងចង់បានភាពស្មោះត្រង់ពីបុរសម្នាក់នោះកម្រិតណា
បើអ្នកធ្លាប់ឃើញគាត់ក្បត់មិត្តភ័ក្ដិរបស់អ្នកម្ដងហើយហ្នឹង?
៤.ស្នេហាគ្មានរសជាតិ
ប្រសិនជ្រើសរើសស្រឡាញ់គ្នាជាមួយគាត់
អ្នកប្រហែលមិនទទួលបានអារម្មណ៍រំភើប រំជើបរំជួល
ដូចគូស្នេហ៍ថ្មីថ្មោងទេ។ នេះក៏ព្រោះពីមុន
មិត្តភ័ក្ដិរបស់អ្នកតែងតែរៀបរាប់រឿងរ៉ាវគ្រប់បែបយ៉ាងអំពីគាត់
ប្រាប់អ្នកអស់គ្មានសល់។
៥.សង្គមមិត្តភ័ក្ដិ
មិនត្រឹមតែអ្នកទេដែលពិបាក
សូម្បីមិត្តភ័ក្ដិធម្មតាៗដទៃទៀតក៏លំបាកដូចគ្នាដែរ
ព្រោះរវាងអ្នកទាំងពីរពួកគេមិនដឹងថាត្រូវកាន់ជើងខាងណាឲ្យប្រាកដ។
៦.ទំនាស់ព្រោះការប្រៀបធៀប
រឿងហេតុបង្កឲ្យស្នេហាអ្នកទាំងពីររកាំរកូស
អាចបណ្ដាលមកពីការប្រៀបធៀបគ្នារវាងស្នេហាអតីតរបស់គាត់។
អ្នកអាចនឹងស្ដាយក្រោយ
ព្រោះគាត់មិនសូវធ្វើល្អជាមួយអ្នកដូចមិត្តអ្នកពីមុន។ ការច្រណែន
ប្រច័ណ្ឌ ចេះតែកើតឡើងមិនចេះឈប់ឈរ៕
0 Comments