មក​​ដឹង​ពី​ចំណុច​សំខាន់​ៗ​របស់​ Galaxy ​S20 ​Series​ តាម​រយៈ​ការ​បែក​ធ្លាយ​កន្លង​មក​ មុន​ពេល​វត្តមាន​ផ្លូវ​ការ​មក​ដល់​

ដូចដែលយើងបានដឹងហើយថា សឹងតែរៀងរាល់ថ្ងៃទៅហើយ ក្នុងមួយរយៈពេលចុងក្រោយនេះ ពត៌មានលេចធ្លាយរបស់ Galaxy S20 Series ហាក់ដូចជាមានច្រើនមែនទែន ដែលក្នុងនោះពត៌មាននីមួយៗ បានបង្ហាញពីចំណុចខុសៗគ្នាផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ព្រឹត្តិការណ៍ដែល Samsung បានកំណត់សម្រាប់ធ្វើការប្រកាសចេញ ម៉ូឌែលខាងលើនេះនោះ គឺវាកាន់តែខិតជិតមកដល់មែនទែនហើយ ពោលគឺក្នុងថ្ងៃទី 11 កុម្ភៈខាងមុខនេះឯង អញ្ចឹងហើយ មុនពេលដែលវាបង្ហាញខ្លួននោះ យើងគ្រប់គ្នាអាចមកដឹង ពីលក្ខណៈសម្បត្តិទាំងប៉ុន្មាន ដែលបង្ហាញដោយការបែកធ្លាយជាមុនសិន។


ប្រាកដណាស់ យើងធ្លាប់បានដឹងហើយថា ស្មាតហ្វួនជំនាន់ថ្មីខាងលើនេះ ត្រូវបានគេជឿជាក់ថា វាអាចនឹងមានចំនួន 3 ម៉ូឌែលដូចជំនាន់មុនដែរ ដែលម៉ូឌែលទាបបំផុតមានឈ្មោះថា Galaxy S20, ម៉ូឌែលកណ្តាលឈ្មោះថា Galaxy S20+ និងម៉ូឌែលកំពូលអាចនឹងមានឈ្មោះថា Galaxy S20 Ultra ផងដែរ។ ដើម្បីងាយស្រួល យើងនឹងបែកចែកជាផ្នែក ដើម្បីរៀបរាប់តែម្ដង ដោយដំបូងឡើយ នឹងចាប់ផ្តើមពី រចនាបថរូបរាង និងអេក្រង់បង្ហាញរបស់វា ជាមុនសិន។


មិនខុសទេ រូបរាងរបស់វាទាំង 3 ម៉ូឌែលខាងលើ អាចនឹងមិនខុសគ្នាប៉ុន្មាននោះទេ មិនថាផ្នែកខាងមុខ ឬផ្នែកខាងក្រោយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅរូបរាងរបស់កញ្ចប់កាមេរ៉ារបស់វាតែម្ដង ដែលមានរាងជាចតុកោណបញ្ឈរ ស្រដៀងនឹងកញ្ចប់កាមេរ៉ារបស់ Galaxy A51 និង A71 ដែរ។ យ៉ាងណាក៏ដោយ ចំពោះផ្នែកអេក្រង់វិញ Galaxy S20 អាចនឹងមានទំហំត្រឹម 6.2 អ៊ីញប៉ុណ្ណោះ ដែលមានប្រភេទជា Dynamic AMOLED មានកកម្រិតបង្ហាញ 3,200 x 1,440 ភិចសែល ជាមួយដង់ស៊ីតេអេក្រង់ 563ppi ហើយវាក៏អាចគាំទ្រដល់កម្រិត Refresh Rate 120Hz ក្នុងកម្រិតបង្ហាញ FHD+ ថែមទៀតផង រីឯកម្រិតឆ្លើយតបពីការប៉ះបញ្ជាវិញ (Touch-Sensing) គឺអាចនឹងដល់ 240Hz តែម្ដង។ ចំណែកឯ Galaxy S20+ វិញ វាអាចមានសមត្ថភាពអេក្រង់ដូចគ្នានឹងម៉ូឌែលខាងលើដែរ ប៉ុន្តែវាអាចមានអេក្រង់ធំជាង ពោលគឺ 6.7 អ៊ីញ ដែលធ្វើឲ្យវាមានដង់ស៊ីតេទាបជាងមកនៅត្រឹម 525ppi ហើយ សម្រាប់ម៉ូឌែលកំពូលវិញ ដែលមានឈ្មោះថា Galaxy S20 Ultra វិញ ក៏ដូចគ្នានេះដែរ គ្រាន់តែវាអាចមានអេក្រង់ធំជាងដល់ 6.9 អ៊ីញ និងមានដង់ស៊ីតេទាបជាងមកនៅត្រឹម 511ppi។

បន្ទាប់ពីផ្នែកអេក្រង់ យើងមកមើលពីផ្នែកកាមេរ៉ារបស់វា ទាំង 3 វិញម្ដង ដែលក្នុងនោះ Galaxy S20 ធម្មតា អាចនឹងមានចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយ ដែលអាចមានលេនគោលទំហំ 12MP, មួយគ្រាប់ទៀត គឺជាលេនទូលាយ (Ultra-Wide) ទំហំ 12MP និងចុងក្រោយគេ គឺជាលេន Telephoto ទំហំ 64MP ដែលមានសមត្ថភាព អាចធ្វើការពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង។ ចំណែកឯ Galaxy S20+ វាអាចនឹងមានកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគឺជាលេនដើមទំហំ 12MP, ជាមួយលេនទូលាយ (Ultra-Wide) ទំហំ 12MP, ក៏ដូចជាលេន Telephoto ទំហំ 64MP អាចធ្វើការពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង, រីឯមួយគ្រាប់ចុងក្រោយគេគឺជាសេនស័រ ToF ហ្នឹងឯង។ ចូលមកដល់ Galaxy S20 Ultra វិញ វាអាចមានចំនួន 4 គ្រាប់ដែរ ប៉ុន្តែអាចនឹងពិសេសជាងគេត្រង់ថា វាអាចនឹងប្រើប្រាស់លេនគោលទំហំ 108MP ជាមួយលេនទូលាយ 12MP រីឯលេន Telephoto អាចមានត្រឹម 48MP ប៉ុណ្ណោះ ប៉ុន្តែវាមានសមត្ថភាពអាចធ្វើការពង្រីកប្រភេទ Optical Zoom បាន 10 ដង, Hybrid Zoom បាន 30 ដង និងជាពិសសគឺបែប Digital Zoom បានដល់ 100 ដងឯណោះ។ កាមេរ៉ាក្រោយរបស់ម៉ូឌែលទាំង 3 នេះដែរ វាអាចធ្វើការថតវីដេអូ បានក្នុងកម្រិត 8K ក្នុងល្បឿនដល់ 24fps ថែមទៀតផង រីឯកាមេរ៉ាខាងមុខវិញ ក៏ដូចគ្នាដែរ វាទាំង 3 អាចធ្វើការថតវីដេអូ បានដល់ 4K ក្នុងល្បឿន 60fps ដូចគ្នា ប៉ុន្តែចំពោះ Galaxy S20 និង S20+ អាចមានទំហំត្រឹម 10MP រីឯ Galaxy S20 Ultra វិញ អាចនឹងឡើងដល់ 40MP ផងដែរ។

ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ វាទាំង 3 ម៉ូឌែលនេះ អាចនឹងមិនសូវមានចំណុចខុសគ្នាខ្លាំងនោះទេ ជាក់ស្ដែងវាមានភាគរយច្រើន ក្នុងការប្រើប្រាស់ឈីប Snapdragon 865 ឬ Exynos 990 សម្រាប់ទីផ្សារផ្សេងៗគ្នា ជាពិសេសសម្រាប់ជម្រើសរ៉េមវិញ វាអាចនឹងមានពីរប្រភេទគឺ 12GB និង 16GB សម្រាប់ Galaxy S20 Ultra មានន័យថា Galaxy S20 និង S20+ អាចនឹងមានជម្រើសតែមួយប្រភេទប៉ុណ្ណោះគឺ 12GB តែម្ដង។ សម្រាប់ជម្រើសអង្គផ្ទុកវិញ វាអាចមានដល់ 512GB សម្រាប់ S20 Ultra ខណៈពេលដែល 2 ម៉ូឌែលទៀត អាចមានត្រឹម 128GB និង 256GB ដែលវាក៏សុទ្ធសឹងតែបានបំពាក់មកជាមួយ បច្ចេកវិទ្យា UFS 3.0 ក៏ដូចជាអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកពីខាងក្រៅបានផងដែរ។ ក្រៅពីនេះទៀត ចំពោះមុខងារសំខាន់ផ្សេងទៀត ដូចជាថាមពលថ្ម ត្រូវបានគេរំពឹងថា Galaxy S20 អាចមានត្រឹម 4,000mAh ជាមួយកម្លាំងសាក 25W រីឯ Galaxy S20+ អាចមានដល់ 4,500mAh manកម្លាំងសាក 25W ដូចគ្នា និងចុងក្រោយគឺ Galaxy S20 Ultra អាចមានថាមពលថ្មធំជាងគេ ពោលគឺដល់ទៅ 5,000mAh រួមទាំងកម្លាំងសាក 45W ថែមទៀតផង។ លើសពីនេះ វាអាចនឹងមានបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃលើអេក្រង់, មានរន្ធសាកជាប្រភេទ USB-C, អាចនឹងមិនមានរន្ធដោតកាស ក៏ដូចជាអាចមានអាវក្រោះការពារ IP68 បែបថ្មី ដែលអាចទ្រាំទ្រក្នុងទឹកបានជម្រៅ 5 ម៉ែត្រ ក្នុងរយៈពេល 30 នាទីឯណោះ។

គួរបញ្ជាក់ដែរថា ស្មាតហ្វូនទាំង 3 ម៉ូឌែលខាងលើនេះ នឹងដំណើរការដោយ Android 10 ដែលស្រោបពីលើដោយស្បែកមុខ One UI 2.0 ហើយចំណែកឯតម្លៃវិញ វាអាចនឹងខ្ពស់ជាងវត្តមានរបស់ Galaxy S10 Series ទៀត និយាយឲ្យចំទៅ Galaxy S20 អាចមានតម្លៃខ្ទង់ ៤ លានរៀល ឬ 1,000 ដុល្លារ ហើយចំណែកឯ Galaxy S20+ វិញ នឹងមានតម្លៃខ្ទង់ ៤ លាន ៤០ ម៉ឺនរៀល ឬ 1,100 ដុល្លារ ខណៈពេលដែល S20 Ultra អាចនឹងឡើងដល់ខ្ទង់ ៥ លាន ២០ ម៉ឺនរៀល ឬ 1,300 ដុល្លារ។ អញ្ចឹងហើយ ខាងលើនេះជាការរៀបរាប់ ពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ Galaxy S20 Series តាមរយៈការបែកធ្លាយកន្លងមក ហេតុនេះយើងមិនប្រាកដថា អ្វីដែលបាននិយាយនេះ នឹងក្លាយជាការពិតទាំងស្រុងនោះទេ ដូច្នេះហើយ ដើម្បីបញ្ជាក់បានច្បាស់ គឺយើងមានតែរង់ចាំមើល វត្តមានផ្លូវការរបស់វាតែប៉ុណ្ណោះ ដែលការប្រកាសបង្ហាញរបស់ Samsung នឹងធ្វើឡើងនៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះឯង។

Post a Comment

0 Comments